រស្មី · blog

គ្រូបឋមសិក្សាក្របខណ្ឌរដ្ឋ តែបង្រៀននៅសាលារៀនឯកជនក្នុងម៉ោងរដ្ឋបាល?

គិត​ចាប់តាំងពី​ឆ្នាំ ២០១៣ មក រាជរដ្ឋាភិបាល​បាន​វិនិយោគ​យ៉ាងច្រើន​លើ​ការដំឡើង​ប្រាក់បៀវត្សរ៍​គ្រូបង្រៀន។ ប្រាក់បៀវត្សរ៍​ចាប់ផ្តើម​របស់​គ្រូប​ឋ​មសិ​ក្សា​បាន​កើនឡើង​ពី ៣១០,៨០០ រៀល (៧៨ ដុល្លារ) ក្នុង​ឆ្នាំ ២០១៣ ដល់ ១,៤០០,០០០ រៀល (៣៥០ ដុល្លារ) ក្នុង​ឆ្នាំ ២០២៣ ដែល​មាន​អត្រាកំណើន​ប្រមាណ ៣៥០%។ ក្នុង​ឆ្នាំ ២០១៩ គ្រូបង្រៀន​សាលា​រដ្ឋ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាង​បុគ្គលិក​វិស័យ​ឯកជន​ដែល​មាន​ជំនាញ​ប្រហាក់​ប្រហែលគ្នា​ប្រមាណ ២៧% ។ ការដំឡើង​ប្រាក់បៀវត្សរ៍​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នកដាក់ពាក្យ​ប្រឡង​ជ្រើសរើស​ក្របខណ្ឌ​គ្រូបង្រៀន​គ្រប់​កម្រិត​នៅ​តាម​គ្រឹះស្ថាន​អប់រំ​សាធារណៈ​កើនឡើង​ប្រមាណ ៧៨% ហើយ​កម្រិត​សមត្ថភាព​របស់​អ្នក​ជាប់​ក៏​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ។

ទោះបីជា​មានការ​កែទម្រង់​ខាងលើ​ក៏ដោយ ក៏​ម៉ោង​សិក្សា​របស់​សិស្ស​នៅ​តាម​គ្រឹះស្ថាន​អប់រំ​សាធារណៈ ហាក់​នៅ​មានកម្រិត ដោយ​ម៉ោង​រដ្ឋបាល​មិនទាន់​ត្រូវ​បាន​បំពេញ​ពេញលេញ​នៅឡើយ (ម៉ោង​ស្អុយ)។ យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក កម្មវិធី​សិក្សា​នៅ​កម្រិត​បឋមសិក្សា​កំណត់​ឱ្យ​មានការ​បង្រៀន ៧២៨ ម៉ោង​ក្នុង​មួយឆ្នាំ ដែល​ចំនួន​នេះ​ស្ថិតនៅ​កម្រិតទាប​បើ​ធៀប​នឹង​មធ្យមភាគ​ប្រទេស​សមាជិក​អាស៊ាន (៨២៦ ម៉ោង​ក្នុង​មួយឆ្នាំ)។ ជាក់ស្តែង ម៉ោង​បង្រៀន​មិនទាន់​អាច​អនុវត្ត​ពេញលេញ ៧២៨ ម៉ោង​ក្នុង​មួយឆ្នាំ នៅឡើយ​ទេ ពោល​គឺ​ខ្លី​ជាង​ម៉ោង​កំណត់​ប្រមាណ ២៧% ដោយសារ​កត្តា​មួយចំនួន​ដូចជា អវត្តមាន​របស់​គ្រូ ភាពយឺត​យ៉ាវ និង​ការ​បិទ​សាលា​ដោយ​គ្មាន​ហេតុផល​ផ្លូវការ​ណាមួយ។

កំណើន​នៃ “គ្រូបង្រៀន​មក​ពី​ស្ថាប័នរដ្ឋ” ក្នុង​វិស័យ​អប់រំ​ឯកជន

ខណៈ​ដែល​ចំនួន​ស្ថាប័ន​អប់រំ​ឯកជន​គ្រប់​កម្រិត​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ ស្ថិតិ​ពី​ក្រសួង​អប់រំ យុវជន និងកីឡា ក៏បាន​បង្ហាញថា ចំនួន “គ្រូបង្រៀន​មក​ពី​ស្ថាប័នរដ្ឋ” ក៏​មានការ​កើនឡើង​យ៉ាង​គំហុក។ ពីឆ្នាំ​សិក្សា ២០២២-២០២៣ ដល់ ២០២៥-២០២៦ ចំនួន​គ្រូបង្រៀន​មក​ពី​ស្ថាប័នរដ្ឋ ដែល​ធ្វើការ​នៅក្នុង​សាលារៀន​ឯកជន​បាន​កើនឡើង​ពី ៧,៥៣៦នាក់ ដល់ ១១,៨១១ នាក់  (កើន៥៦.៧%) ក្នុង​នោះ សម្រាប់​កម្រិត​បឋមសិក្សា​មានការ​កើនឡើង​ពី ២,១៧០ នាក់ ទៅដល់ ៣,១៦១ នាក់ (កើនឡើង​ប្រមាណ ៤៥.៦% ក្នុងរយៈពេល៤ឆ្នាំ)។ វត្តមាន​គ្រូបង្រៀន​រដ្ឋ​កម្រិត​បឋមសិក្សា​នៅ​ស្ថាប័ន​អប់រំ​ឯកជន​នេះ បាន​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​បាន​ផ្តល់​ជះ​អវិជ្ជមាន​ដល់​សិស្ស និង​គុណភាព​សិក្សា​គួរឲ្យ​កត់សម្គាល់​ផង​ដែរ។

ឆ្នាំ​សិក្សាចំនួន​សាលារៀន​ឯកជន
២០២២-២០២៣1,826
២០២៣-២០២៤2,176
២០២៤-២០២៥2,295
២០២៥-២០២៦2,435
ឆ្នាំ​សិក្សាចំនួន​គ្រូបង្រៀន​មក​ពី​ស្ថាប័នរដ្ឋ
២០២២-២០២៣7,536
២០២៣-២០២៤8,916
២០២៤-២០២៥10,737
២០២៥-២០២៦11,811

បញ្ហា​ប្រឈម

ការដែល​គ្រូបង្រៀន​រដ្ឋ បាន​យក​ម៉ោង​បំពេញការងារ​រដ្ឋ ទៅ​ធ្វើការ​នៅ​ស្ថាប័ន​ឯកជន បាន​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​ដូចជា៖

  • ការរំលោភ​លើ​បទដ្ឋាន​ម៉ោង​ធ្វើការ៖ និយាម​ប្រើ​បុគ្គលិក​អប់រំ​បាន​កំណត់​ឱ្យ​គ្រូបង្រៀន​ធ្វើការ ៤០ ម៉ោង​ក្នុង​មួយ​សប្តាហ៍ (បង្រៀន ២៥ ម៉ោង និង​ត្រៀម​បង្រៀន ១៥ ម៉ោង) (source)
  • ការ​ថយ​ចុះ​គណនេយ្យ​ភាព​ក្នុង​អង្គភាព៖ យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក មាន​គ្រូ​តែ ១៤% ប៉ុណ្ណោះ​ដែល​ជឿ​ថា​គណៈ​គ្រប់គ្រង​តែងតែ​ចាត់វិធានការ​ចំពោះ​ការ​អវត្តមាន​គ្មាន​ច្បាប់។ លើស​ពីនេះ នាយក​សាលា​ខ្លះ​ក៏​មានការ​ងារ​ទីពីរ ឬ​បង្រៀន​ពីរ​វេន​ខ្លួនឯង​ផង​ដែរ។
  • ការបាត់បង់​ពេលវេលា​បង្រៀន​ជាក់ស្តែង៖ ពេលវេលា​បង្រៀន​ពិតប្រាកដ​គឺខ្លី​ជាង​ពេលវេលា​កំណត់​ដល់ទៅ​ប្រមាណ ២៧% ដោយសារ​ការ​អវត្តមាន​របស់​គ្រូ​ដើម្បី​ទៅ​បំពេញការងារ​ទីពីរ និង​ការ​បិទ​សាលា​មិន​ផ្លូវការ។
  • ភាព​ហត់នឿយ និង​ការ​ថយ​ចុះ​លទ្ធផល​ការងារ៖ គ្រូ​ដែល​បង្រៀន​នៅ​សាលា​ឯកជន​ចំណាយពេល​បន្ថែម​ជាមធ្យម ២០ ម៉ោង​ក្នុង​មួយ​សប្តាហ៍ ដែល​ធ្វើ​ឱ្យ​ម៉ោង​បង្រៀន​សរុប​កើន​ដល់​ជាង ៤០ ម៉ោង/សប្តាហ៍ ដែល​បង្ក​ឱ្យ​មានការ​ហត់នឿយ​ខ្លាំង និង​កាត់បន្ថយ​គុណភាព​បង្រៀន​ក្នុង​សាលា​រដ្ឋ។ កត្តា​នេះ ក៏​បង្ក​ឱ្យ​គ្រូបង្រៀន​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​បំពេញការងារ​គាំទ្រ​ការ​បង្រៀន (ស្រាវជ្រាវ​បន្ថែម កែ​កិច្ចការ​សិស្ស…)
  • ឧបសគ្គ​ដល់​ការកែទម្រង់​សាលារៀន​ពេញមួយថ្ងៃ៖ ការ​មានការ​ងារ​ទីពីរ(តាម​ការស្រាវជ្រាវ ភាគច្រើន​នៅពេល​រសៀល) ធ្វើ​ឱ្យ​គ្រូស្ទាក់ស្ទើរ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​រក​កាលវិភាគ​បង្រៀន​ពេញមួយថ្ងៃ ព្រោះ​វា​ប៉ះពាល់​ដល់​ចំណូល​បន្ថែម​របស់​ពួកគាត់។
  • ការ​មិន​ផ្តល់​ភាព​សំខាន់​ដល់​គរុកោសល្យ (non-caring pedagogy)៖ មានការ​រាយការណ៍​ថា​គ្រូ​មួយចំនួន បង្រៀន”បង្ខំ”ឱ្យ​ចប់​កម្មវិធី និង​មិន​ឆ្លើយ​សំណួរ​សិស្ស​ក្នុង​ម៉ោង​រដ្ឋ ដើម្បី​ជំរុញ​ឱ្យ​សិស្ស​ទៅរៀន​គួរ​ជាមួយ​ពួកគាត់។

ទោះបីជា​ផល​ប៉ះពាល់​មាន​ភាព​អវិជ្ជមាន​ក៏ដោយ គ្រូបង្រៀន​ដែល​ធ្វើការ​នៅ​ការងារ​ខាងក្រៅ​បាន​រាយការណ៍​ពីផល​វិជ្ជ​មាន​ខ្លះ​ៗដូចជា​ការផ្ទេរ​ជំនាញ​ពី​ស្ថាប័នឯកជន ដោយ​គ្រូ​បាន​នាំ​យក​វិធីសាស្ត្រ​បង្រៀន​បែប​អន្តរកម្ម និង​ការងារ​ក្រុម​ដែល​រៀន​ពី    វិស័យ​ឯកជន ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល មក​អនុវត្ត​ក្នុង​ថ្នាក់រៀន​រដ្ឋ ក៏ដូចជា​ការ​បង្កើន​ចំណេះដឹង​ឌីជីថល​តាមរយៈ​ការប្រើ​ប្រាស់​កុំព្យូទ័រ និង​ប្រព័ន្ធ​ដាក់​ពិន្ទុ​អន​ឡា​ញក្នុង​សាលា​ឯកជន ដែល​ជួយ​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​របស់​គ្រូ។ បើ​ទោះជា​យ៉ាងនេះ​ក្តី ការ​កើនឡើង​តិចតួច​បំផុត​នៃ​ពិន្ទុ​ជាមធ្យម​របស់​សិស្ស បាន​បង្ហាញថា​ផល​ជះ​អវិជ្ជមាន​បាន​គ្រប់​ដណ្តប់​ផល​ជះ​វិជ្ជមាន​ស្ទើរតែ​ទាំងស្រុង។

មូលហេតុ​នៃ​ការ​មានការ​ងារ​បន្ថែម​ក្នុង​ស្ថាប័ន​អប់រំ​ឯកជន

គ្រូបង្រៀន​សាលា​រដ្ឋ​នៅ​កម្ពុជា​បាន​លើកឡើង​នូវ​ហេតុផល​សំ​ខាន់​ៗ​មួយចំនួន​ដែល​ជំរុញ​ឱ្យ​ពួកគាត់​ស្វែងរក​ការងារ​ទីពីរ​នៅ​តាម​សាលា​ឯកជន ដែល​ហេតុផល​ទាំងនោះ​មាន​ដូចជា៖

ក. តម្រូវការ​ហិរញ្ញវត្ថុ និង​ការ​ទ្រទ្រង់​ជីវភាព​គ្រួសារ

  • បៀវត្សរ៍​រដ្ឋ​មិនទាន់​ឆ្លើយតប​នឹង​ការ​ចង់បាន៖ ទោះបីជា​មានការ​កើនឡើង​ប្រាក់បៀវត្សរ៍​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ក៏ដោយ ក៏​មាន​គ្រូ​កម្រិត​បឋមសិក្សា​តែ ៤៨ ភាគរយ ប៉ុណ្ណោះ​ដែល​ជឿ​ថា​ប្រាក់បៀវត្សរ៍​រដ្ឋ​គឺ​គ្រប់គ្រាន់​សម្រាប់​ពួកគាត់​អាច​រស់នៅ​ក្នុង “ជីវិត​ដ៏​ល្អ” មួយ​បាន។
  • ការ​សន្សំ​សម្រាប់​អនាគត៖ គ្រូបង្រៀន​ត្រូវការ​ចំណូល​បន្ថែម​ដើម្បី​សន្សំ​ទិញ​ទ្រព្យ​សម្បត្តិ​ធំៗ​ដូចជា ផ្ទះ រថយន្ត ឬ​ម៉ូតូ និង​ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ថ្លៃ​សេវា​ថែទាំ​សុខភាព​នៅពេល​វ័យ​ចំណាស់។
  • បន្ទុក​គ្រួសារ៖ សម្រាប់​គ្រូបង្រៀន​ជា​បុរស​ដែល​ជា​បង្គោល​គ្រួសារ គាត់​យល់ថា​ការស្វែងរក​ការងារ​នៅ​សាលា​ឯកជន​ដែល​ផ្តល់​ប្រាក់ឈ្នួល​ខ្ពស់ ដើម្បី​រ៉ាប់រង​ការ​ចំណាយ​ស្ទើរតែ​ទាំងស្រុង​ក្នុង​ផ្ទះ​គឺជា​បន្ទុក​របស់​គាត់។

ខ. ការ​អភិវឌ្ឍ​ជំនាញ និង​វិជ្ជាជីវៈ

  • ការ​ទទួល​បាន​បទ​ពិសោធ​ន៍​ថ្មី​ៗ៖ ច្រើនជាង​ពាក់កណ្តាល​នៃ​គ្រូបង្រៀន​ដែល​បាន​អង្កេត​នៅ​តាម​តំបន់​ទីប្រជុំជន​បាន​បញ្ជាក់​ថា ការ​ទទួល​បាន​ជំនាញ និង​បទពិសោធន៍​ដែល​មិន​មាននៅ​ក្នុង​សាលា​រដ្ឋ គឺជា​មូលហេតុ​ចម្បង​ដែល​ពួកគាត់​ទៅ​ធ្វើការងារ​បន្ទាប់បន្សំ។
  • ជំនាញ​ឌីជីថល និង ICT៖ សាលា​ឯកជន​ច្រើនតែ​មាន​សម្ភារៈ​កុំព្យូទ័រ និង​ឧបករណ៍​ឌីជីថល​ល្អ​ជាង​សាលា​រដ្ឋ។ គ្រូ​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​រៀន​ពី ការវាយតម្លៃ​តាម​អន​ឡាញ កម្មវិធី​រៀបចំ​មេរៀន និង​ឧបករណ៍​ដាក់​ពិន្ទុ​ឌីជីថល ដែល​ពួកគាត់​អាចយ​កម​ក​អនុវត្ត​វិញ​នៅក្នុង​ថ្នាក់រៀន​រដ្ឋ​របស់​ខ្លួន។

គ. ការ​បញ្ចេញ​សមត្ថភាព និង​បណ្តាញ​ទំនាក់ទំនង

  • ឱកាស​ពង្រីក​និង​ពង្រឹង​សមត្ថភាព៖ គ្រូបង្រៀន​ចង់​ពង្រីក​ឱកាស​ដែល​ពួកគាត់​អាច​បញ្ចេញ​សមត្ថភាព​ឱ្យ​អស់​លទ្ធភាព ដែល​ប្រព័ន្ធ​រដ្ឋ​បច្ចុប្បន្ន​អាច​នឹង​មិនទាន់​ផ្តល់​ជូន​បាន​ពេញលេញ។
  • ការបង្កើត​ទំនាក់ទំនង​សង្គម៖ ការបម្រើ​ការ​ក្នុង​ស្ថាប័នឯកជន​ជួយ​ឱ្យ​គ្រូបង្រៀន​បង្កើត​បណ្តាញ​វិជ្ជាជីវៈ និង​ទំនាក់ទំនង​សង្គម​បាន​កាន់តែ​ទូលំទូលាយ ដែល​ពួកគាត់​យល់ថា​ជា​ផល​វិជ្ជមាន​សម្រាប់​ជីវិត។

ឃ. អត្តសញ្ញាណ និង​វិជ្ជាជីវៈ

  • ការ​ជៀសវាង​ការងារ​ប្រើ​កម្លាំងបាយ៖ ដើម្បី​រក​ប្រាក់ចំណូល​បន្ថែម ការ​បង្រៀន​នៅ​សាលា​ឯកជន​ត្រូវ​បាន​មើលឃើញ​ថា​មានតម្លៃ និង​សមស្រប​នឹង​ឋានៈ​ជា​គ្រូបង្រៀន ជាង​ការ​ទៅ​ធ្វើការងារ​បន្ទាប់បន្សំ​ដែល​ប្រើ​កម្លាំង (ដូចជា សំណង់ ឬ​បើកបរ) ដែល​គ្រូ​ខ្លះ​មាន​អារម្មណ៍​ថា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ក្នុង​សង្គម​របស់​ពួកគាត់។

ង. តម្រូវការ​នៃ​ការ​បង្រៀន និង​កង្វះ​ម៉ោង​សិក្សា​រដ្ឋ

  • ម៉ោង​សិក្សា​រដ្ឋ​មិន​គ្រប់គ្រាន់៖ ដោយសារ​ម៉ោង​សិក្សា​ក្នុង​សាលា​រដ្ឋ​មានកម្រិត (៧២៨ ម៉ោង​ក្នុង​មួយឆ្នាំ) គ្រូបង្រៀន​យល់ថា​ពួកគាត់​ត្រូវ​ផ្តល់​សេវា​បង្រៀន​បន្ថែម​ក្នុង​បរិបទ​ឯកជន ដើម្បី​ធានា​ការ​គ្រប​ដណ្តប់​លើ​កម្មវិធី​សិក្សា​ទាំងមូល និង​ដើម្បី​ឱ្យ​សិស្ស​អាច​ក្តាប់​មេរៀន​បាន​ច្បាស់លាស់។

សរុប​មក ទោះបីជា​គ្រូបង្រៀន​ភាគច្រើន​នៅតែ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​ការងារ​ក្នុង​សាលា​រដ្ឋ​ដោយសារ​ស្ថិរភាព​ការងារ​ក៏ដោយ ប៉ុន្តែ​ការងារ​ទីពីរ​នៅ​តាម​សាលា​ឯកជន​គឺជា “ស្ពាន” ដ៏​សំខាន់​សម្រាប់​ពួកគាត់​ក្នុង​ការ​បំពេញ​ចន្លោះប្រហោង​រវាង​បៀវត្សរ៍​រដ្ឋ និង​ការ​ចង់បាន​ជីវិត​ដ៏​សមរម្យ​មួយ។

ប្រតិកម្ម​និង​ចំណាត់ការ​ពី​គណៈ​គ្រប់គ្រង​សាលារៀន

តាមរយៈ​របាយការណ៍ និង​ការស្រាវជ្រាវ​ក្រុមការងារ​បាន​កំណត់​បាន​ពី​ប្រតិកម្ម​និង​ចំណាត់ការ​ពី​គណៈ​គ្រប់គ្រង​សាលារៀន​មួយចំនួន​ ដែល​មាន​គ្រូបង្រៀន​រដ្ឋ​ទៅ​ធ្វើការ​នៅ​ស្ថាប័ន​អប់រំ​ឯកជន។

ក. ការអនុវត្ត​បណ្តែតបណ្តោយ

គណៈ​គ្រប់គ្រង​សាលា និង​អ្នក​ពាក់ព័ន្ធ​ភាគច្រើន​មាន​ទំនោរ​ប្រើប្រាស់ “វិធីសាស្ត្រ​បណ្តែតបណ្តោយ” ចំពោះ​ការងារ​ទីពីរ​របស់​គ្រូ។ ពួកគាត់​ទទួលស្គាល់​ថា គ្រូបង្រៀន​ធ្លាប់​ប្រឈមមុខនឹង​បញ្ហា​បៀវត្សរ៍​ទាប ដែល​នាំ​ឱ្យ​កើតមាន​វប្បធម៌​យោគយល់​គ្នា​ច្រើន បើ​ទោះបីជា​ការងារ​ទាំងនោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ជា​ផ្លូវការ​ក៏ដោយ។ លើស​ពីនេះ រូបភាព​ផ្នែក​ច្បាប់ ត្រូវ​បាន​ចាត់ទុកថា​ដូចជា “យោបល់​ណែនាំ” ដែល​ការសម្រេច​ចិត្ត​លើ​ការអនុវត្ត​ស្ថិតនៅ​លើ​សាលារៀន ជាជាង​ច្បាប់​ដែល​មានស្រាប់។

ខ. យន្តការ​គណនេយ្យ​ភាព និង​វិធានការ​កែតម្រូវ​មានកម្រិត

ទោះបីជា​មាន​ប្រព័ន្ធ​តាមដាន​វត្តមាន​ក៏ដោយ ប៉ុន្តែ​ការអនុវត្ត​វិធានការ​ច្បាប់​ហាក់​នៅ​មានកម្រិត​ទាប៖

  • ការអនុវត្ត​ទន់ភ្លន់: ៥៥% នៃ​នាយក​សាលា​បាន​រាយការណ៍​ថា​ពួកគាត់​បាន​ចាត់វិធានការ​កែតម្រូវ។ វិធានការ​ដែល​ប្រើ​ញឹកញាប់​បំផុត​គឺ​ត្រឹមតែ ការព្រមាន​ផ្ទាល់មាត់ (៧២%) ប៉ុណ្ណោះ។ វិធានការ​តឹងរ៉ឹង​ដូចជា​ការ​កាត់​ប្រាក់បៀវត្សរ៍ (មាន​ត្រឹម ៣%) ឬ​ការ​តម្រូវ​ឱ្យ​បង្រៀន​សង​ម៉ោង​ដែល​បាត់បង់ (មាន​ត្រឹម ២%) គឺ​កម្រ​នឹង​កើតមាន​ណាស់។
  • កង្វះ​ការ​គាំទ្រ​ពី​ថ្នាក់លើ: នាយក​សាលា​រាយការណ៍​ថា ការិយាល័យ​អប់រំ​ស្រុក កម្រ​នឹង​ប្រើប្រាស់​កំណត់ត្រា​វត្តមាន​ដើម្បី​ចាត់វិធានការ​បន្ត​ណាស់ ដោយមាន ៤០% នៃ​នាយក​សាលា​បញ្ជាក់​ថា ការិយាល័យ​អប់រំ​ស្រុក “មិនដែល” ចាត់វិធានការ​កែតម្រូវ ចំពោះ​អវត្តមាន​របស់​គ្រូ​ឡើយ។
  • ការ​ទទួលស្គាល់​ភាព​ទន់ខ្សោយ: នាយក​សាលា​មួយចំនួន​បាន​សារភាព​ថា ពួកគាត់​មិន​អាច​ទាមទារ​គណនេយ្យ​ភាព​ពី​គ្រូ​បាន​ពេញលេញ​នោះ​ទេ (ឧទាហរណ៍ គ្រូបង្រៀន​មិន​ស្តាប់​តាម​ការណែនាំ​របស់​គណៈ​គ្រប់គ្រង)។
  • ការ​បង្រៀន​ពីរ​វេន: ក្នុងករណី​ខ្លះ ទាំង នាយក​សាលា និង​នាយករង ត្រូវ​បាន​រក​ឃើញថា​បាន​បង្រៀន​វេន​បន្ថែម (ពីរ​វេន) ដោយខ្លួនឯង ដើម្បី​បង្កើន​ចំណូល (ឧទាហរណ៍ គណៈ​គ្រប់គ្រង​មិន​អាច​ផ្តល់​ការណែនាំ​ណាមួយ​ទៅ​គ្រូបង្រៀន​ឡើយ ព្រោះ​គាត់​ក៏​អនុវត្ត​ខុសពី​និយាម​ម៉ោង​បង្រៀន​ដែរ)។

ដំណោះស្រាយ​មួយចំនួន

  • ពង្រឹង​ការអនុវត្ត​បទដ្ឋាន​ការងារ: ក្រសួង​អប់រំ យុវជន និងកីឡា ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ការិយាល័យ​អប់រំ​ស្រុក គួររឹត​បន្តឹង​ការអនុវត្ត​ម៉ោង​ធ្វើការ​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់ និង​ធានា​ថា​គ្រូបង្រៀន​បំពេញ​កាតព្វកិច្ច​គ្រប់ជ្រុងជ្រោយ។
  • ការអនុវត្ត​ទណ្ឌកម្ម​វិន័យ: ចំពោះ​គ្រូបង្រៀន​ដែល​អនុវត្ត​ផ្ទុយពី​និយាម​នៃ​ការ​បង្រៀន ត្រូវ​ចាត់វិធានការ​ឲ្យបាន​គត់មត់ និង​មាន​តម្លាភាព រួម​ទាំង​គណៈ​គ្រប់គ្រង​ផង​ដែរ។
  • ការ​ដាក់ចេញ​នូវ​ប្រព័ន្ធ​អាជ្ញា​បណ្ណ​គ្រូបង្រៀន: គួរ​បង្កើត​ឱ្យ​មាន​យន្តការ​ដែល​អនុញ្ញាតិ ឱ្យ​អ្នក​ដែល​មានកម្រិត​អប់រំ​គ្រប់គ្រាន់ (ដូចជា​សញ្ញាបត្រ​បរិញ្ញាបត្រ) អាច​ទទួល​បាន​អាជ្ញា​បណ្ណ​បង្រៀន​តាមរយៈ​ការ​ប្រឡង ឬ​សិក្សា​បច្ចេកទេស​បង្រៀន​រយៈពេល​ខ្លី ដើម្បី​កាត់បន្ថយ​ការ​ទាក់ទាញ​គ្រូបង្រៀន​រដ្ឋ ពីសំណាក់​សាលារៀន​ឯកជន។
  • យុទ្ធសាស្ត្រ​បៀវត្សរ៍​រយៈពេល​វែង: កែសម្រួល​ប្រព័ន្ធ​បៀវត្សរ៍​ឱ្យ​ផ្អែកលើកិច្ច​ខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ការងារ និង​បង្កើន​គម្លាត​ប្រាក់បៀវត្សរ៍​តាម​បទពិសោធន៍ និង​សមត្ថភាព ដើម្បី​លើកទឹកចិត្ត​គ្រូ​ឱ្យ​ផ្តោត​លើ​ការងារ​ស្នូល។

ប្រភព​ព័ត៌មាន

- **World Bank (2025).** _Instruction Time and Student Learning: Can Cambodia Improve Learning Outcomes in Primary Schools?_
- **World Bank (2025).** _Teaching Quality in Cambodia’s Primary Education: Toward Incentivizing Effort, Performance, and Quality Assurance._
- **នាយកដ្ឋាន** **EMIS (2026).** _ស្ថិតិ និងសូចនាករអប់រំឯកជន ២០២៥-២០២៦_
- **Maeda, M., et al. (2025).** _Teachers’ side jobs in Cambodia: who engages, work trends, motives, and impacts._
- **Tang, T., et al. (2026).** _Teachers’ and Parents’ Lived Experiences with Academic Challenges and Student Success in Cambodian Primary Schools._
- **Soeung, S. (2021).** _A Review of Cambodian Private Tutoring: Parasitic and Symbiotic Functions._